សំណុំរឿងអតីតឧកញ៉ា ស្រី ស៉ីណា ដែលបាញ់ស.ម្លា.ប់២នាក់គូដណ្តឹង! តុលាការកំពូល តម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ ដោយផ្ដន្ទាទោសដាក់ពន្ធនាគារ និងផ្ដល់សំណង….

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ តុលាការកំពូល បានបើកសវនាការប្រកាសសាលដីកាករណីអតីតឧកញ្ញា ស្រី ស៊ីណា ដែលបាញ់ប្រហារសម្លាប់២នាក់គូដណ្ដឹង ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធណ៍រាជធានីភ្នំពេញ ទុកជាបានការដដែលលើសំណុំរឿង ចំនួន៣ និងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារសរុប៣១ឆ្នាំ ព្រមទាំងផ្ដល់សំណងជូនជនរងគ្រោះសរុបជាង២.៥លានដុល្លារ។

មន្ត្រីតុលាការកំពូល បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការ ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះថា សំណុំរឿងដែលត្រូវបានតុលាការកំពូល ប្រកាសនោះចំនួន៣រួមមាន៖

* សំណុំរឿងទី១ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០(ពីរលាន)រៀលពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន១,០០០,០០០ (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន១,០០០,០០០(មួយលាន) ដុល្លារអាមេរិកទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។

* សំណុំរឿងទី២ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០(ពីរលាន) រៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៣០០,០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន២០០,០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។

* សំណុំរឿងទី៣ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០(ពីរលាន) រៀលពីបទ រំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា២៩៩ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៥០,០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ៕

Leave a Reply

Your email address will not be published. Required fields are marked *