ក្តៅៗ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya)

(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជក្រឹត្យ បញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឆេង ស្រីរ័ត្ន (ហៅ Love Riya) តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបញ្ជាក់ឱ្យបានថា រហូតមកដល់ពេលនេះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ចំនួន ២ បទល្មើស។

ក្នុងនោះ បទល្មើសដែលចោទប្រកាន់រួមមាន៖

១. បទញុះញង់ឱ្យមានការរើសអើង
២. ធ្វើឱ្យខូចទឹកចិត្តកងទ័ព។

គួររំឭកផងដែរថា នៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ អ្នកនាង Love Riya ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ខណៈការឈានដល់ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់៕

Leave a Reply

Your email address will not be published. Required fields are marked *